CAMSOC-ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ គឺបានចំណាយថវិកាចំនួន ១១៨លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីយូរមកហើយ។ នេះជាប្រសាសន៍សម្តេចពិជ័យសេនា នៅក្នុងសន្និសីទសារព័ត៌មាន កាលល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការចំណាយក្នុងរង្វង់ ១១៨លានដុល្លារនេះ គឺគិតទាំងពីការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង តាំងពី៣ឆ្នាំមុនមកជាបន្តបន្ទាប់ ដោយសារការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ឱ្យមានលក្ខណៈសុក្រឹត ស្របតាមស្តង់ដាអន្តរជាតិ ទៅតាមប្រភេទកីឡានីមួយៗ។
«ថវិកានេះបូកបញ្ជូលទាំងការចំណាយផ្សេងៗ ដូចជាការជួលមជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC ទាំងមូល សម្រាប់ការរៀបចំការប្រកួតកីឡាក្នុងសាលមួយចំនួន ព្រមទាំងការចំណាយលើផ្នែកកីឡាពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងផ្នែកកីឡាជនពិការ។ បូករួមទាំងការចំណាយផ្សេងៗទៀតជាច្រើន ដូចជាបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា នៅក្រៅប្រទេស ដូចជាថ្លៃសំបុត្រយន្តហោះ ថ្លៃហូបចុកស្នាក់នៅជាដើម។ យើងបានចំណាយថវិកាជាបន្តបន្ទាប់ចាប់ពីពេលនោះមកដល់ពេលនេះ»។ សម្តេចសេនាពិជ័យ បានបញ្ជាក់។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តផ្តល់ការហូបចុកស្នាក់ និងការដឹកជញ្ជូនសម្រាប់ប្រតិភូកីឡាទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ដែលមកប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយឥតគិតថ្លៃ (៧លានដុល្លារបន្ថែម) ដែលសរុបទាំងអស់ពេលនេះ ១១៨លានដុល្លារអាមេរិក។
ដោយមានការលើកឡើងចំពោះការចំណាយក្នុងការរៀបចំស៊ីហ្គេម មុនៗពីបណ្តាប្រទេសជាម្ចាស់ផ្ទះ កន្លងមក គឺកម្ពុជាបានចំណាយតិចជាងគេ។ ត្រង់ចំណុចនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ៖ «យើងបានគិតគូយ៉ាងហ្មត់ចត់ណាស់ ដោយកម្ពុជាធ្លាប់ក្រលំបាក ដូច្នេះការចំណាយថវិកាជាតិក្នុងចំនួននេះ គឺជាការសន្សំសំចៃ ប៉ុន្តែយើងរួបរួមគ្នាគ្រប់ផ្នែកទាំងអស់ធ្វើកិច្ចការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាមានភាពអស្ចារ្យ»៕
‘Monumental achievement’ for CFC as cricket included in 2023 SEA Games
National mountain bike athletes lauded at Siem Reap Wurkz MTB Series 2022 Round 3 event
CAMSOC plans 100-day countdown toward historic SEA Games and ASEAN Para Games
Pre-SEA Games: Cambodia to organize Southeast Asian Kun Khmer Championship