thumbnail

អ្នកសារព័ត៌មាន ជាង៥០០នាក់ បានចុះឈ្មាះ សម្រាប់អាស៊ានប៉ារ៉ាហ្គេម ២០២៣


May 29, 2023
NEWS ASEAN PARA GAMES KH

CAMSOC-ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំនួនជាង ៥០០នាក់ហើយ ក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិជាង១០០នាក់។

តួលេខនេះ គឺយោងទៅតាមការបញ្ជាក់របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្នុងបទសម្ភាសន៍ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល MPC សម្រាប់ការបម្រើកិច្ចការរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម ផុស សុវណ្ណ បានគូសបញ្ជាក់ថា ៖«ដូចគ្នានឹងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ថ្មីៗនេះដែរ គឺយើងបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយកាលពីស៊ីហ្គេម គឺទទួលបានការសហការពីអ្នកជំនាញមកពីក្រៅប្រទេស ប៉ុន្តែសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺជាកិច្ចសហការរៀបចំរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់។ MPC អាចទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលធ្វើកិច្ចការនៅក្នុងនេះ ក្នុងពេលតែមួយពី ២៥០នាក់ទៅ៣០០នាក់ ដោយមានទទួលអាហារសម្រន់ឥតគិតថ្លៃនៅទីនេះផងដែរ»។

ជាមួយគ្នានេះ គណៈកម្មការជំនាញក៏បានជួយសម្របសម្រួលដល់ការនាំចូលនូវសម្ភារ ឧបករណ៍ផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអន្តរជាតិ នៅព្រលានយន្តហោះ។ ពេលនេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះជាផ្លូវការច្រើនជាង ៥០០នាក់ហើយ ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិជាង ១០០នាក់។

«ចំពោះការចុះថតយកព័ត៌មាន នៅតាមទីលានប្រកួតនានា ក៏ដូចគ្នានឹងការប្រកួតកីឡាស៊ីហ្គេម ថ្មីៗនេះដែរ លើកលែងតែពិធីបើក-បិទអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ដែលតម្រូវឱ្យមានតំបន់កំណត់ ដែលមិនប៉ះពាល់ដល់ការរៀបចំបច្ចេកទេស»។ ឯកឧត្តម ផុស សុវណ្ណ បានបន្ថែម។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ឯកឧត្តម ផុស សុវណ្ណ បានសង្កត់ធ្ងន់ថា ៖«យើងមានបទពិសោធន៍ពេញលេញដែរ ទាំងផ្នែកផ្សព្វផ្សាយ រួមទាំងស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់។ ក្រោយទទួលបានការណែនាំបន្ថែម ពីឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គឺយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យការរៀបចំលើផ្នែកផ្សព្វផ្សាយ និងព័ត៌មានកាន់តែមានភាពល្អប្រសើរបន្ថែមទៀត តាមរយៈការផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ»។


 ឯកឧត្តម បានលើកយកឧទាហរណ៍ មកបញ្ជាក់ពីបែបនេះថា៖ «នៅពេលទូរទស្សន៍ជាតិកម្ពុជា (ទទក) កំពុងផ្សាយផ្ទាល់ការប្រកួតកីឡាអ្វីមួយ គឺនឹងមានការរត់អក្សរបញ្ជាក់ប្រាប់ពីការផ្សាយផ្ទាល់ លើប្រភេទកីឡាផ្សេងៗទៀត ដែលកំពុងផ្សាយលើទូរទស្សន៍បាយ័ន ឬទូរទស្សន៍ផ្សេងៗទៀតជាដើម ហើយទូរទស្សន៍ផ្សេងៗទៀត នឹងឡើងអក្សរប្រាប់ពីការកំពុងផ្សាយផ្ទាល់លើកីឡាណាមួយរបស់ ទទក ដូចគ្នាផងដែរ»។

ចំពោះចំណុចខ្វះខាត កាលពីស៊ីហ្គេម លើកទី៣២ ចំពោះអ្នកសារព័ត៌មាន ដែលមានបញ្ហាលំបាកខ្លះៗ ក្នុងការចុះផ្ទាល់ នៅតាមទីលានប្រកួតមួយចំនួន គឺគណៈកម្មការជំនាញបានកែសម្រួលឱ្យបានល្អប្រសើរ ដូចជាទីតាំងប្រកួតណាមួយ មន្ត្រីសម្របសម្រួលនឹងសម្របសម្រួលជាមួយមន្ត្រីសហព័ន្ធជំនាញតាមសហព័ន្ធកីឡានីមួយៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មាន។ ជាមួយគ្នានេះ ឯកឧត្តម ស្នើសុំឱ្យអ្នកសារព័ត៌មានគោរពពេលវេលាចូលក្នុងទីលានប្រកួត តាមពេលវេលាកំណត់ផងដែរ ដើម្បីកុំឱ្យមានបញ្ហាប្រឈម៕