thumbnail

បច្ចុប្បន្នភាពនៃដំណើរប្រតិភូកីឡា និងកម្មវិធីសំខាន់ៗ មុនពិធីបើកផ្លូវការ ស៊ីហ្គេម ២០២៣


Apr 28, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានជម្រាបជូនអំពីដំណើរប្រតិភូកីឡាមួយចំនួន មកដល់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីត្រៀមកម្មវិធីសំខាន់ៗជាច្រើន មុនពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។



នៅក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅសាលសន្និសីទពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ថា សម្រាប់ប្រភេទកីឡាបាល់ទាត់ បានមកដល់កម្ពុជាអស់ហើយ ខណៈប្រភេទកីឡាផ្សេងៗទៀត បានមកជាបន្តបណ្តើរៗហើយដែរ។ ប្រភេទកីឡាបាល់ទាត់ ត្រូវស្នាក់នៅតែពីរសណ្ឋាគារ ក្នុងរាជធានីភ្នំពេញ ដែលកៀកនឹងទីលានប្រកួត ដែលប្រភេទកីឡាមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញក៏ត្រូវបានរៀបចំឲ្យស្នាក់នៅសណ្ឋាគារ ជិតទីលានប្រកួតដូចៗគ្នាផងដែរ។ ចំពោះ៩ប្រភេទកីឡា ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវស្នាក់នៅក្នុងភូមិកីឡា ដែលអាចស្នាក់នៅហូបចុករួមគ្នាចំនួន ៣,៥០០នាក់។


«មកដល់ពេលនេះ ការត្រៀមរៀបចំរបស់យើង គឺបានរួចរាល់ ហើយយើងនឹងត្រៀមទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូកីឡាជាបន្តបន្ទាប់ទៀត ដែលនឹងមកដល់ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី០៣ ខែឧសភា យើងនឹងធ្វើពិធីគោរពទង់ជាតិគ្រប់បណ្តាប្រទេសចូលរួមទាំងអស់។ ចំពោះថ្ងៃទី០៤ខែឧសភា យើងនឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍មួយទៀត ជាលើកចុងក្រោយ មុនការប្រកួត ហើយនៅថ្ងៃទី០៥ ខែឧសភា នឹងប្រារព្ធពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ»។ ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់បន្ថែម។


ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC គូសបញ្ជាក់ថា នៅពហុកីឡដ្ឋានជាតិមរតកតេជោ មាន៩ប្រភេទកីឡា ដែលត្រូវប្រកួតក្រោយពិធីបើកផ្លូវការស៊ីហ្គេម ពោលគឺចាប់ពីថ្ងៃទី០៦ ខែឧសភា តទៅ នឹងមានការប្រកួតកីឡាអត្តពលកម្ម, ហុកគីក្រៅសាល, វាយកូនបាល់, គុនខ្មែរ, ឃីកបុកស៊ីង, បាល់បោះ, វាយសី, វាយកូនឃ្លីលើតុ និងកីឡាហែលទឹក។


ចំពោះចំនួនប្រតិភូកីឡាទាំងអស់ ដែលបានចុះឈ្មោះកាលពីពេលមុន គឺមានចំនួនជាង ១២,០០០នាក់ ហើយពេលនេះ នាយបេសកកម្មនៃបណ្តាប្រទេសទាំងអស់ មកចុះឈ្មោះជាក់ស្តែង និងការកែសម្រួលរបស់ពួកគេ គឺមានចំនួនក្រោមនេះបន្តិចបន្តួច ប៉ុន្តែក្នុងរង្វង់ចន្លោះ ១២,០០០នាក់នេះ មិនមានការលើសខ្វះគ្នាច្រើនទេ។ ចំនួននេះ មិនរាប់បញ្ជូលនូវចំនួនមន្ត្រីអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ មកចូលរួមកាត់សេចក្តី ក្នុងស៊ីហ្គេម ២០២៣នោះឡើយ៕