sport-in-live
thumbnail

ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គឺជាការ​​​​​​ចូលរួម​​លើក​កម្ពស់និងការយល់ដឹង​ដល់ស្ត្រី ដែល​មាន​ជំងឺ​មហា​រីក​សុដន់


Sep 05, 2023
NEWS

ថ្លែងនៅក្នុងពិធីចុះMOU រវាង​ក្រុមហ៊ុនធនារ៉ាប់រង AIA និង គណៈកម្មការម៉ារ៉ាតុង កាលពីព្រឹកថ្ងៃទី ០៥ ខែកញ្ញា ម្សិលមិញនេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្កលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងបែបនេះថា៖ ការ​​រត់ប្រណាំង AIA Pink Run នេះ ​ក៏​ដើម្បី​​​​​​ចូលរួម​​លើក​កម្ពស់ការ​យកចិត្ត​ទុកដាក់ និងការយល់ដឹង​ដល់ស្ត្រី ដែល​មាន​ជំងឺ​មហា​រីក​សុដន់​​ផងដែរ ​ហេតុនេះ​គណៈកម្មការ​រៀបចំ នឹង​សហការជាមួយ​​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បី​រៀបចំ​ជា​កន្លែង​ពិនិត្យ​រកមើល​ជំងឺ​មហារីក​ជូនដល់ស្រ្តី​គ្រប់​រូប ដោយ​មិនគិត​ថ្លៃ​ចំនួន​៣​ថ្ងៃ គឺថ្ងៃទី​២០ ដល់​ទី​២២ ខែតុលា ឆ្នាំ​២០២៣ នៅទីតាំង​ប្រកួត​ផ្ទាល់​តែម្តង។

ឯកឧត្តមបន្តថា៖ «យើង​ផ្តោតការយក​ចិត្តទុកដាក់​ជួយ​ដល់​ស្រ្តី ព្រោះ​​ការ​ចូលរួម​របស់​ស្រ្តី ជា​គោល​ការណ៍ ​រួម​របស់​ចលនា​អូឡាំពិក​អន្តរជាតិ ហើយ​នៅ​ក្នុង​នោះ AIA បាន​មើល​ឃើញ​នៅចំណុច​ខ្លាំង​មួយ​ទៀត គឺ​ការ​ជួយ​ដល់​ស្រ្តី ​ដែល​មាន​ជំងឺ​មហា​រីក​សុដន់ ​ព្រោះ​ស្ត្រី​យើង​ភាគ​ច្រើន មាន​បញ្ហាជំងឺ​នេះ តែ​អ្នក​​ខ្លះមិន​បានដឹង​ថា គាត់​កើតជំងឺ​នេះ​ទេ អ៊ីចឹង​យើង​នឹង​​រៀបចំ​កន្លែងពិនិត្យ​រកជំងឺមហារីក​នេះជូន​ដល់​ស្រ្តី​គ្រប់រូប ដោយមិនគិតថ្លៃ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់»។

លើសពីនេះ ការ​រៀបចំព្រឹត្តិការណ៍​​​រត់ប្រណាំង AIA Pink Run ក៏​ផ្តោតសំខាន់​ទៅលើ​ការ​ប្រមូល​ប្រាក់កម្រៃ ដើម្បី​ជួយ​ដល់​ការ​ងារសប្បុរសធម៌​ ព្រម​ទាំង​ជួយ​ដល់​​កីឡាករ កីឡាការិនី​​ ដែល​មាន​បញ្ហារបួស និង​ព្រឹទ្ធាចារ្យ​កីឡា ឬអ្នក​កីឡាចាស់ៗ ដែលមានជំងឺ​ឈឺថ្កាត់​ផងដែរ ដោយ​​សកម្ម​ភាព​នេះ NOCC តែង​បាន​ធ្វើ​ជា​ប្រចាំ តាម​រយៈការ​រៀបចំព្រឹត្តិ​ការណ៍​កីឡា​ជា​ច្រើន​ឆ្នាំមក​នេះ។

ឯកឧត្តមបញ្ជាក់​ថា៖ «យើងមិន​មែន​ធ្វើតែ​កីឡា​ទេ ប៉ុន្តែ​យើងមានគោលដៅ​ផ្សេង​ទៀត ក្នុងការ​ជួយ​ដល់​សង្គម និង​ស្រ្តី​របស់​យើង​ថែម​ទៀត ហើយនៅរាល់​ព្រឹត្តិការណ៍​ទេសចរណ៍ ឬ​កីឡា​មហាជន និងកីឡា​កម្សាន្ត​​​ទាំង​អស់ គឺ​​យើងយក​ផល​កម្រៃ​បានពី​ការ​រៀបចំ​ហ្នឹង ​ទៅ​ជួយ​ដល់​ការងារ​សប្បុរសធម៌ អ៊ីចឹង​​​ទោះ​​បានតិច ឬច្រើន​ យើង​រៀបចំ​ជួយ​ទៅមន្ទីរពេទ្យ​ និង​ដាក់​ចូល​ទៅ​ក្នុង​មូល​និធិ​សម្រាប់​ជួយ​ដល់អ្នក​​កីឡា ដែលនេះជា​អំពើសប្បុរ​សធម៌​ នៅ​ក្នុង​ចលនា​កីឡា​របស់​យើង ដើម្បី​ជួយ​​ដល់​​សង្គម​ជាតិ​»៕