sport-in-live
thumbnail

ការរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បន្តទទួលបានភាពជោគជ័យ នៅប្រទេសឥណ្ឌនេស៊ី


Apr 01, 2023
NEWS SEA GAMES KH

CAMSOC-ហ្សាកាតា៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត ប្រកបដោយភាពជោគជ័យ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌនេស៊ី កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ពិធីដែលបានធ្វើឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃសៅរ៍នោះ មានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី, ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Muhadjir Effendy រដ្ឋមន្ត្រីស្ដីទីក្រសួងយុវជន និងកីឡា និងជារដ្ឋមន្ត្រីសម្របសម្រួល សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងវប្បធម៌នៃសាធារណរដ្ឋឥណ្ឌូនេស៊ី, លោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ី (NPC) និងអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។

ថ្លែងមុនពិធីរត់ដង្ហែភ្លើងគប់ចាប់ផ្ដើម ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយ និងមានកិត្តិយស ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី ក្នុងពិធីរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងសាធារណរដ្ឋឥណ្ឌូនេស៊ី»។


ឯកឧត្តមក៏បានមានប្រសាសន៍ស្វាគមន៍ ភ្លើងអគ្គិជ័យកីឡា មកកាន់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌូនេស៊ី គណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ី សម្រាប់ការគាំទ្រយ៉ាងសកម្ម ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង។ 

ចំណែកលោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ី ក៏បានចាត់ទុកពិធីដង្ហែភ្លើងគប់នេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះលោកបានដឹងច្បាស់ថា ព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ លើកដំបូង ហើយលោកក៏បានសម្ដែងការគាំទ្រកម្ពុជា និងចាត់ទុកថា វាមិនមែនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកនៃសកម្មភាព ដែលបញ្ជាក់ថា ទាំងអស់គ្នាមានការរួបរួមគ្នា និងការតាំងចិត្តដ៏មុតមាំ សម្រាប់កីឡាអាស៊ីអាគ្នេយ៍។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស៊ីហ្គេម នៅកម្ពុជា។

សម្រាប់ពិធីរត់ដង្ហែភ្លើងគប់ ដែលបានធ្វើឡើង នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌនេស៊ី កាលពីល្ងាចថ្ងៃទី០១ ខែមេសានោះ បានចាប់ផ្ដើម ដោយមានចម្ងាយផ្លូវប្រមាណ៣គីឡូម៉ែត្រ ហើយមានអត្តពលិកល្បីៗជាច្រើននាក់ របស់ឥណ្ឌូនេស៊ី បានចូលរួមរត់បណ្ដាក់គ្នា កាន់ភ្លើងគប់ស៊ីហ្គេម ឆ្នាំ២០២៣នេះ ដោយកម្មវិធីនេះ បានដំណើរការទៅយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនភាពសម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ បេសកជនពិសេសតំណាង CAMSOC ឯកឧត្តម ហោ សារុន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងប្រារព្ធពិធីដង្ហែព្រះអគ្គិជ័យកីឡា កម្ពុជា ឆ្នាំ២០២៣ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយយើងជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងឥណ្ឌូនេស៊ី នឹងបង្កើនសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យកីឡា និងវិស័យទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក»៕