sport-in-live
thumbnail

ឯកឧត្តម ស សុខា៖ កម្ពុជារំពឹងបានមេដាយច្រើន ដោយសារការត្រៀមខ្លួន និងដាក់វិញ្ញាសាច្រើន ក្នុងស៊ីហ្គេម ២០២៣


Apr 26, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លើកឡើងថា ដោយការកត្តាជាច្រើនក្នុងការត្រៀមខ្លួនជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងការចូលរួមប្រកួតលើវិញ្ញាច្រើនផងនោះ ម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ នឹងដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម មុនៗជាក់ជាមិនខាន។

នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្រោយការដឹកនាំ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា ចុះត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារនៅតាមបណ្តាសហព័ន្ធកីឡាជាតិនានា និងសំណេះសំណាលលើកទឹកចិត្តជាមួយក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនី លើប្រភេទកីឡានានា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម ស សុខា គូសបញ្ជាក់ថា៖ «សម្រាប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺកម្ពុជាបានត្រៀមអត្តពលិកជាង១,២០០នាក់ ហើយច្រើងជាងគេ គឺអត្តពលិកថៃ មានរហូតដល់១,៩០០នាក់។ បើប្រៀបធៀបចំនួននេះ គឺថៃមានចំនួនប្រមាណជិត២ដង នៃចំនួនអត្តពលិកម្ចាស់ផ្ទះកម្ពុជា។ ប៉ុន្តែទោះយ៉ាងនេះក្តី កម្ពុជាក៏បានត្រៀមលក្ខណៈក្នុងការប្រកួតប្រជែងមេដាយ លើប្រភេទកីឡាមួយចំនួនដែលពូកែៗ ដូចជាល្បុក្កតោ វ៉ូវីណាម និងប្រភេទកីឡាជាក្រុមមួយចំនួនទៀត ដែលកីឡាករ កីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេស បានត្រៀមមកចូលរួមប្រកួតមេដាយជូនជាតិ»។

«នេះជាការត្រៀមខ្លួន និងជាក្តីសង្ឃឹម ដែលយើងជឿថា ចំនួនមេដាយរបស់កម្ពុជា នឹងកើនឡើងច្រើនជាង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២២ កន្លងទៅ។ បើប្រៀបធៀបចំនួនមេដាយកម្ពុជា កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ គឺចំនួនមេដាយនឹងបានកើនឡើងទ្វេដង ខណៈស៊ីហ្គេម នៅកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះក៏យើងរំពឹងដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម ២លើកចុងក្រោយនេះដែរ ដោយសារកម្ពុជាបានចូលរួមប្រកួតវិញ្ញាសាច្រើនផងដែរ»។ ឯកឧត្តម ស សុខា បានបន្ថែម។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមដែរថា ជារួម គឺម្ចាស់ផ្ទះកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា លើគ្រប់ទីលានប្រកួត រួមទាំងកន្លែងហូបចុកស្នាក់នៅ ការដឹកជញ្ជូនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់។ នេះជាការចុះពិនិត្យលើកចុងក្រោយ ដោយសារតែរយៈពេលដែលនៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃពិធីបើកស៊ីហ្គេម ជាផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ហើយឯកឧត្តម ក៏មិនចង់រំខានការត្រៀមលក្ខណៈរបស់គ្រូបង្វឹក កីឡាករ កីឡាការិនីនោះទេ ដោយទុកពេលវេលាជូនដល់ពួកគាត់។ ម្យ៉ាងទៀត ប្រភេទកីឡាមួយចំនួនទៀត នឹងត្រូវចាប់ផ្តើមប្រកួតជម្រុះមុនពិធីបើក ពីថ្ងៃទី២៩-៣០ ខែមេសា តទៅហើយ។


ជុំវិញការទទួលប្រតិភូដោយឥតគិតថ្លៃរបស់ម្ចាស់ផ្ទះកម្ពុជា សម្រាប់ប្រតិភូកីឡាអាស៊ាន ឯកឧត្តមអនុប្រធាន CAMSOC ក៏បានលើកបង្ហាញពីមោទនភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡាថ្នាក់ដំបន់ជាលើកដំបូង ដោយទទួលការហូបចុកស្នាក់នៅ និងការដឹកជញ្ជូន ដោយឥតគិតថ្លៃ ទាំងព្រឹត្តិការណ៍ ស៊ីហ្គេម ទាំងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម។

«ជោគជ័យធំធេងមួយទៀត ដែលខ្ញុំគួរតែលើកជម្រាបជូនផងដែរថា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡារបស់កម្ពុជា ឆ្នាំ២០២៣នេះ គឺទទួលបានការកោតសរសើរពីស្ថាប័ន និងប្រធានសហព័ន្ធកីឡានៃបណ្តាប្រទេសអាស៊ានមួយចំនួន ដែលកម្ពុជាមិនយកថវិកាលើសេវាហូបចុក ស្នាក់នៅ និងការដឹកជញ្ជូននេះ សម្រាប់ប្រតិភូ អត្តពលិករបស់ពួកគាត់។ យើងក៏មានលក្ខខណ្ឌមួយចំនួនដែរ ដោយការទទួលឥតគិតថ្លៃនេះ សម្រាប់តែប្រតិភូ កីឡាករ កីឡាការិនីប៉ុណ្ណោះ ដូចជាប្រភេទកីឡាបាល់ទាត់ ១ក្រុម គឺយើងទទួលត្រឹម ២៨នាក់ប៉ុណ្ណោះ ក្នុងនោះ២២នាក់ កីឡាករ ឬកីឡាការិនី និង៦នាក់ ជាគ្រូបង្វឹក និងមន្ត្រីអមនៃប្រតិភូក្រុមនីមួយៗ។ នេះជាទឹកចិត្តទូលំទូលាយ ដូចប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាជាប្រទេសតូចក្តី ប៉ុន្តែបេះដូងរបស់យើងមិនតូចទេ។ នេះក៏ជាប្រវត្តិសាស្ត្រថ្មីមួយ ដែលបានចារទុកក្នុងទំព័រព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង»៕ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ចុងក្រោយ៕