Day to PARA GAMES

Day to PARA GAMES

sport-in-live
thumbnail

លោក សោម សុទ្ធរិទ្ធិពង្ស៖ ប្រកួតកម្រិតអន្តរជាតិច្រើន ជាឱកាសដ៏មានសារសំខាន់ ក្នុងការដុសខាត់សមត្ថភាពសម្រាប់អត្តពលិកកីឡាទូកក្តោង


Mar 14, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនប្រតិភូកីឡាទូកក្ដោងចំនួន ០៣នាក់ ដឹកនាំដោយលោក យិន កែវវាសនា ប្រធានប្រតិភូ និងជាគ្រូបង្វឹក និងកីឡាករជម្រើសជាតិចំនួន ០២នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្តោង Thailand Windsurfing Championship 2023 Event 2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ នេះ បើតាមការបញ្ជាក់របស់លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

លោក សោម សុទ្ធរិទ្ធិពង្ស បញ្ជាក់បន្ថែមថា ការបញ្ជូនប្រតិភូ និងកីឡាករនេះដែរ គឺយោងតាមផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ត្រៀមឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា។ លោកអគ្គលេខាធិការ បន្តថា ការប្រកួតកម្រិតអន្តរជាតិច្រើន គឺជាឱកាសមួយដ៏មានសារសំខាន់សម្រាប់អត្តពលិកកីឡាទូកក្តោងកម្ពុជា ក្នុងការប្រកួតប្រជែងដកស្រង់បច្ចេកទេស និងពង្រឹងសមត្ថភាព ត្រៀមប្រជែងមេដាយ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខ។ 


លោក សោម សុទ្ធរិទ្ធីពង្ស បានបន្ថែមទៀតថា មុនព្រឹត្តិការណ៍ស៊ីហ្គេម មកដល់ សហព័ន្ធនឹងព្យាយាមពង្រឹងសមត្ថភាព តាមរយៈការបញ្ជូនអត្តពលិក ទៅប្រកួតជាលក្ខណៈអន្តរជាតិអោយបានច្រើនដង ជាពិសេសការចូលរួមនេះ ក៏ជាឱកាសអោយមន្រ្តី និងប្រតិភូកីឡា សិក្សាពីការរៀបចំការប្រកួតកម្រិតអន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកទេស និងការរៀបចំទីលានប្រកួត ដើម្បីសហព័ន្ធមានទុនដ៏សំខាន់ ម្ចាស់ការក្នុងការរៀបចំអោយទទួលបានជោគជ័យ នៅព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា។

គួររម្លឹកថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ត្រៀមមន្រ្តីបច្ចេកទេស ៤៥រូប និងចៅក្រមអន្តរជាតិ ៥រូប ក្នុងនោះក៏មានចៅក្រមអន្តរជាតិកម្ពុជា ១រូប ផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្តោង Thailand Windsurfing Championship 2023 Event 2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ មានកីឡាករ កីឡាការិនីសរុប ៥០នាក់ចូលរួម មកពី ៥ប្រទេស រួមមាន កម្ពុជា, សឹង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងថៃ ដែលជាម្ចាស់ផ្ទះ។ សម្រាប់ការប្រកួតនេះ កម្ពុជា បានបញ្ជូនក្រុមកីឡាករ Windsurfing ចំនួន ០១រូប គឺកីឡាករ កែវ ភារុណ និង Wind Foil ចំនួន ០១រូប គឺកីឡាករ កែវ ភានុន៕