Day to PARA GAMES

Day to PARA GAMES

sport-in-live
thumbnail

អុកចត្រង្គកម្ពុជា ទទួលបានការសរសើរពីប្រទេសចូលរួមថា រៀបចំបានល្អគ្រប់ចំណុច


Apr 27, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានធ្វើការរៀបចំពិធីចាប់ពូលប្រកួត នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅសាលដំបូលទូកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការអញ្ជើញមកដល់របស់ប្រទេសដែលចូលរួមប្រកួតស៊ីហ្គេមមានចំនួន ៧ប្រទេសហើយ ក្នុងនោះមានការសរសើរទៅកាន់សហព័ន្ធថា ធ្វើបានល្អគ្រប់ចំណុច។ 

ឯកឧត្ដម គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានមានប្រសាសន៍ក្នុងពិធីចាប់ពូលឲ្យដឹងថា ក្រុមកីឡាករ-ប្រតិភូ ព្រមទាំងសមាជិកចូលរួមទាំងអស់ចំនួន ៧ប្រទេស គឺមានការពេញចិត្ត និងសរសើរថា កម្ពុជាពិតជារៀបចំបានល្អ មិនថាការទទួលបដិសណ្ឋារកិច្ច និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការរៀបចំចាប់ពូលនានានោះទេ។ លោកក៏សង្ឃឹមថា ព្រឹត្តិការណ៍នេះក៏អាចបញ្ជ្រាបដល់ប្រទេសដែលបានចូលរួម ឲ្យបានយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ និងអរិយធម៌ដ៏បវររបស់កម្ពុជា ដល់ប្រទេសទាំងអស់។ 

ឯកឧត្ដមបានសង្កត់ធ្ងន់បែបនេះថា «...យើងឃើញថា ការចាប់ឆ្នោតរបស់យើង ប្រទេសទាំងអស់ពេញចិត្តថា ពិតជាមានតម្លាភាព និងត្រឹមត្រូវ១០០%។ យើងពិតជាបានជួបគ្នាខ្លី។ និយាយរួម បណ្ដាប្រទេសទាំងអស់ យើងទើបតែបានជួបគ្នាកាលពីយប់មិញ ហើយមានខាងក្រុម ហ្វីលីពីន គាត់មកដល់ប្រហែលជាម៉ោង៤ព្រឹក ហើយគាត់រីករាយ ហើយគាត់ខិតខំងើបមកចូលរួម ទាំងកីឡាករ ទាំងថ្នាក់ដឹកនាំទាំងអស់ មកចូលរួមចាប់ឆ្នោតនៅព្រឹកនេះ។ ពួកកាត់ក៏បានជជែកជាមួយយើងមួយរយៈពេលខ្លីដែរថា គាត់ពិតជារីករាយណាស់បានមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយយើងជាម្ចាស់ផ្ទះ ហើយពួកគាត់បានសរសើរអំពីយើងគ្រប់យ៉ាង។ ដូចជា ប្រទេសម៉ាឡេស៊ី គាត់បានសរសើរយើងថា គាត់មកលើកដំបូង ប៉ុន្តែគាត់ឃើញនូវអ្វីទាំងអស់ គឺល្អប្រសើរលើសការរំពឹងទុក»។ 

ឯកឧត្ដមបានលើកឡើងទៀតថា ទាក់ទងហ្នឹងច្បាប់នៃការលេង ឬច្បាប់នៃ ហ្គេម គឺកម្ពុជាបានផ្ដល់ទៅកាន់ប្រទេសទាំងអស់រួចរាល់ និងមានរយៈពេលយូរសមល្មម ដែលឲ្យប្រទេសទាំង៧ ដែលនឹងចូលរួមស្វែងយល់បានល្អិតល្អន់ និងអាចប្រកួតប្រជែងគ្នាដោយតម្លាភាព។

គួររម្លឹកថា សម្រាប់ប្រទេសដែលចូលរួមស៊ីហ្គេម លើប្រភេទកីឡា អុកចត្រង្គ មាន៧ គឺឡាវ ហ្វីលីពីន ថៃ ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ផ្ទះ៕